ប្រជាពលរដ្ឋជាច្រើនគ្រួសារថា មេឃុំពោធិ៍ អភិបាលនិងអភិបាលរង ស្រុកកំពង់លែង បើកដៃឲ្យស្នងការរងនិងប៉េអឹមរងខេត្តកំពង់ឆ្នាំង និន្ទ្រានយកដីរដ្ឋនិងដីរួម …………

Spread the love

កំពង់ឆ្នាំង៖ ប្រភពប្រជាពលរដ្ឋជាច្រើនគ្រួសារបានអោយដឹងថា អភិបាលស្រុកនិងអភិបាលរងស្រុក កំពុងបើកដៃឲ្យស្នងការរង និងប៉េអឹមរង ខេត្តកំពង់ឆ្នាំងនិន្ទ្រានយកដីរដ្ឋ និងដីរួម នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ខណៈអភិបាលរងស្រុកកំពង់លែងដែលកំពុងរត់ការសូកលុយចង់ឡើងធ្វើជាអភិបាលស្រុកផងនោះ។ ទីតាំងដីព្រៃលិចទឹកមិនឆ្ងាយពីទីរួមខេត្តកំពង់ឆ្នាំងទេ តែដោយសារស្រុកនេះមានភូមិសាស្ត្រត្រូវឆ្លងទន្លេរបើធ្វើដំណើរចេញពីក្រុងកំពង់ឆ្នាំង និងបើធ្វើដំណើរផ្លូវគោក គឺត្រូវវាងចូលមកពីខាងខេត្តកំពង់ធំ នោះហើយបានជា​ស្រុកកំពង់លែង ក្នុងខេត្តកំពង់ឆ្នាំង ហាក់ដូចជានៅឆ្ងាយពីភ្នែកអ្នកដឹកនាំ ដែលធ្វើឲ្យចៅហ្វាយស្រុក និងចៅហ្វាយស្រុករងស្តីទី នៅស្រុកនេះធ្វើអ្វីៗស្រេចតែចិត្ត ដួចស្តេចត្រាញ់សម័យទុំទាវ ។





ដីព្រៃលិចទឹក ដែលរារដ្ឋាភិបាល ក្រសួងកសិកម្ម ដាក់ចូលជាដីតំបន់៣ ការពារជម្រកត្រីពងបន្តពូជ និងដីព្រៃក្នុងតំបន់ភ្នំកង្រី ភ្នំទេពី ភ្នំជាច្រើនក្នុងស្រុកដែលមានភ្ជាប់ប្រវត្តិព្រេងនិទានផង ប្រវត្តិសាស្ត្រផង ដែលរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន ដាក់ជាតំបន់ការពារសម្រាប់ជីវៈចម្រុះ ត្រូវបានចៅហ្វាយស្រុករងឈ្មោះ ចេង ចាន់ដូណា និងចៅហ្វាយស្រុក សំ ចាន់ថន ដែលត្រៀមចូលនិវត្តន៍នោះ បើកដៃឲ្យបក្ខពួករួមមានលោកស្នងការរងនគបាលខេត្តកំពង់ឆ្នាំង និងក្រុមគ្រួសារប្រើគ្រឿងចក្រឈូសឆាយយកតាមចិត្ត ។ ចំណែកដីភូមិចាស់ដែលជាសម្បត្តិរួមរបស់អ្នកភូមិឃុំតាងិល តាំងពីក្រោយរំដោះឆ្នាំ ១៩៧៩ មកនោះ ក៏លោក ចេង ចាន់ដូណា ឲ្យមេប៉េអឹមរងខេត្ត ឈ្មោះ ហង្ស សុជាតិ រំលោភយកចែកបក្ខពួកក្រុមគ្រួសារ ទាំងរំលោភបំពានលើច្បាប់ភូមិបាល ដែលនៅជាធរមាន ។


ចំណែកលោក ចេង ចាន់ដូណា ខ្លួនឯង រំលោភយកដីរដ្ឋរាប់រយហិកតា ក្នុងស្រុកកំពង់លែង ធ្វើជារបស់ខ្លួននិងចែកឲ្យបក្ខពួកខ្លួនឈូសឆាយកាប់និន្ទ្រានយក រួចខ្លួនចុះទីវាស់វែង ធ្វើលិខិតកាន់កាប់អាស្រ័យផល លាក់បាំងថ្នាក់លើ ។ តែចំពោះដីស្រែពិតប្រាកដរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកវិញ អាជ្ញាធរស្រុកមិនត្រឹមតែអត់វាស់វែងធ្វើលិខិតបញ្ជាក់ការកាន់កាប់អាស្រ័យផលឲ្យទេ គឺថែមទាំងសហការណ៍គ្នាជាប្រព័ន្ធជាមួយ ស្នងការរងនិងប៉េអឹមរងខេត្ត ព្រមទាំងខ័ណ្ឌរដ្ឋបាលជលផល ចុះចាប់ម៉ាស៊ីនបូមទឹកដាក់ស្រែរបស់កសិករ ចាប់ត្រាក់ទ័រភ្ជួរដីលើដីស្រែ ដើម្បីយកលុយរាប់រយលានរៀលក្នុងមួយឆ្នាំៗ ចូលហោប៉ៅចែកគ្នា ។

ក្នុងស្រុកប្រជាកសិករពិតប្រាកដធ្វើស្រែអាស្រ័យផលលើដីស្រែចាស់កេរដូនតាមិនបាន តែបក្ខពួកចៅហ្វាយស្រុក ស្នងការរងនគបាលខេត្ត មេប៉េអឹមរងខេត្ត ធ្វើព្យុះធ្វើភ្លៀង​អ្វីក៏បានស្រេចហ្នឹងចិត្ត ។ ចាប់ត្រាក់ទ័រនិងម៉ាស៊ីនបូមទឹករបស់កសិករដែលភ្ជួរស្រែ បូមទឹកដាក់ស្រែ ជំរឹតយកលុយត្រាក់ទ័រមួយគ្រឿងយក ១០ លានរៀល ទៅ ២០ លានរៀល ម៉ាស៊ីនបូមទឹកដាក់ស្រែមួយគ្រឿងជំរឹតយក ៥ លានរៀល ទៅ ១០ លានរៀន… តែពួកគេមិនចាប់ត្រាក់ទ័រលោកស្នងការរងនគបាល និងបក្ខពួកមេឃុំពោធិ៍ ដែលចូលឈូសឆាយថ្មីៗ រំលោភយកដីព្រៃលិចទឹកជម្រកមច្ឆាជាតិនោះទេ ។

គួបញ្ជាក់ថា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង តាំងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសធ្វើស្ពានកាត់ទន្លេរ ធ្វើផ្លូវភ្ជាប់ទៅខេត្តកំពង់ធំនោះមក តម្លៃដីបានងើបឡើងមានហាងឆេងខ្ពស់ ទាំងដីស្រែ ដីភូមិ និងដីតាមដងផ្លូវ ។ នេះហើយជាឱកាសរបស់ពួកស្តេចត្រាញ់ក្នុងស្រុក ដែលអាងអំណាច និងបក្ខពួក បានសហការណ៍គ្នាជាប្រព័ន្ធ លួចយកដីរដ្ឋ ប្លន់យកដីរួម ធ្វើជាកម្មសិទ្ធិរបស់ពួកគេ ដោយអាងថា ស្រុកនេះនៅដាច់ស្រយ៉ាលឆ្ងាយ គ្មានអ្នកដឹកនាំណាទៅមើលឃើញ អំពើអាក្រក់របស់ពួកគេ ។

ប្រជាពលរដ្ឋទាំង ៩ឃុំ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញស្រុកកំពង់លែងមានចៅហ្វាយស្រុកថ្មី មកដឹកនាំ អភិវឌ្ឍន៍ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ តែមិនចង់ឃើញពួកមន្ត្រីស្តេចត្រាញ់ ដែលកំពុងកាន់អំណាចបំផ្លាញស្រុក ធ្វើទុក្ខ​បុកម្នេញប្រជាពលរដ្ឋនាពេលនេះ បន្តតួរនាទីកាន់កិច្ចការរដ្ឋបាលស្រុក បំផ្លាញស្រុកបន្តទៀតទេ។ សូមសម្តេចនាយករដ្ឋមន្ត្រី អនុវត្តនូវអភិក្រមទី៥ របស់សម្តេច ធ្វើការវះកាត់ សម្រេចវាសនាពួកចៅហ្វាយស្រុក ស្នងការរងខេត្ត មេប៉េអឹមរងខេត្ត និងបក្ខពួកចេញឲ្យអស់ ហើយតែងតាំងអ្នកថ្មីមកធ្វើការជួយរាស្ត្រដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាផង ៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *