ភ្លើងឆេះព្រៃនៅរដ្ឋ Colorado របស់អាមេរិកកាន់តែរីកធំ និងបង្ខំឲ្យឧទ្យានជាតិមួយត្រូវបិទ……….

Spread the love

វ៉ាស៊ីនតោន៖ ភ្លើងឆេះព្រៃដ៏អាក្រក់នៅរដ្ឋខូឡូរ៉ាដូ (Colorado) ដែលបានបង្ខំឱ្យមានការជម្លៀសប្រជាជនជាច្រើនលើក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានធ្វើឱ្យមានការបិទដល់ឧទ្យានជាតិ រ៉ក់ឃី (Rocky) ទាំងមូល ខណៈក្រុមមន្រ្តីអាមេរិកបានរំពឹងថា នឹងមានខ្យល់បក់ខ្លាំងដែលធ្វើឱ្យក្រុមអ្នកពន្លត់អគ្គីភ័យ ពិបាកចូលទៅគ្រប់គ្រងស្ថានការណ៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។


អ្នកគ្រប់គ្រងបេសកកម្មពន្លត់ភ្លើងឆេះព្រៃនៅ ខូឡូរ៉ាដូ លោក ណូអ៊ែល លីវីងស្តុន (Noel Livingston) បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ភ្លើងឆេះព្រៃដែលមានឈ្មោះសម្គាល់ថា អ៉ីសត៍ ត្រាប៊លសាំ (East Troublesome Fire) ត្រូវបានរំពឹងថា ជាភ្លើងឆេះព្រៃដ៏ធំមួយដែលកំពុងឆាបឆេះ និងរីករាលដាលនៅទូទាំងរដ្ឋ Colorado ដោយមិនទាន់មាននរណា អាចគ្រប់គ្រងវាបានឡើយ។

ភ្លើងឆេះព្រៃដ៏ធំខាងលើនេះ បានកើតឡើងនៅតាមបណ្ដោយឧទ្យានជាតិ Rocky និងបានជំរុញឱ្យសេវាកម្មនៅឧទ្យានជាតិ ក្នុងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ដែលមានផ្ទៃដី ៦៦៨គីឡូម៉ែត្រការ៉េត្រូវបិទតែម្តង បន្ទាប់ពីច្រកចូលខាងលិចនៃឧទ្យាននេះ ត្រូវបានបិទរួចមកហើយកាលពីមុននេះមួយថ្ងៃ ខណៈភ្លើងឆេះព្រៃបានចាប់ផ្តើមរុករានតំបន់នោះ។


គួរជម្រាបថា បើតាមក្រុមមន្រ្តីអាមេរិក ភ្លើងឆេះព្រៃ East Troublesome Fire នេះ បានឆាបឆេះចាប់តាំងពីសប្ដាហ៍មុនមកម្ល៉េះ និងបានពង្រីកខ្លួនលើផ្ទៃដីជាង ៥០,៨០០ហិកតាហើយ។ ការឆាបឆេះនេះគឺស្ថិតក្នុងចំណោមព្រឹត្តិការណ៍ចុងក្រោយហើយ នៃរដូវភ្លើងឆេះព្រៃដ៏អាក្រក់ក្រៃលែង បន្ទាប់ពីមានគ្រោះរាំងស្ងួតរយៈពេលយូរនៅទូទាំងរដ្ឋ Colorado៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *