ភ្នំពេញ៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហោះលើបណ្តាញសង្គមហ្វេកបុក ផេកផ្លូវការ របស់លោកថា៖ សន្ធិសញ្ញាសន្តិភាព ២៣ តុលា ១៩៩១ គឺជាធាតុផ្សំយ៉ាងសំខាន់ នៃការបង្កើត «ច្បាប់រដ្ឋធម្មនុញ្ញ» ឆ្នាំ ១៩៩៣ ! ការអនុវត្តន៍ ការគោរពបដិបត្តិច្បាប់នានា ដែលបង្កើតឡើងក្រោមដំបូលធម្មនុញ្ញភាព នៃច្បាប់រដ្ឋធម្មនុញ្ញ គឺជាការអនុវត្តន៍យ៉ាងពេញលេញ នៃកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ។
កិច្ចព្រមព្រៀង និងសន្ធិសញ្ញា ឬកតិកាសញ្ញាអន្តរជាតិ ទាំងឡាយ គឺជាធាតុផ្សំដើម្បីបង្កើតច្បាប់ ! ប្រទេសនីតិរដ្ឋ គឺគ្រប់គ្នាត្រូវគោរព អនុវត្តច្បាប់ ហើយរាល់ទំនាស់ ឬបទល្មើស គឺត្រូវយកច្បាប់មកដោះស្រាយ…
ពោលគឺមិនមែនយកសន្ធិសញ្ញា ឬកិច្ចព្រមព្រៀង ឬក៏កតិកាសញ្ញាអន្តរជាតិ ណាមួយមកជំនួសច្បាប់បានឡើយ ! ។ អបអរសាទរ ខួប ២៩ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ – ២៣ តុលា ២០២០ !
សូមបញ្ជាក់ថា៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ច ព្រមព្រៀងគ្នា ដែលមានភាគីជម្លោះកម្ពុជា ចំនួន ៤ បានចុះហត្ថលេខា នៅទីក្រុ ងប៉ារីស ប្រទេសបារ៉ាង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រុាំរៃនៅកម្ពុជា ដែលបានអូសបន្លាយ អស់រយៈពេលជាង ២ ទសវត្សរ៍មក ។
កិច្ចព្រមព្រៀង ២៣ តុលា នោះឯងហើយ ទើបកម្ពុជាមានលទ្ធភាពកសាងនូវរបបមួយថ្មី តាមរយៈការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាម លើទឹកដីកម្ពុជា ជាពិសេសបានយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលមាតុកម្ពុជាវិញ និង បង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបប រាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ ។ ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់ សព្វថ្ងៃនេះដែរ ។ កិច្ចព្រមព្រៀង ២៣ តុលា បានផ្តល់ឱកាសឲ្យកម្ពុជា ស្គាល់ការវិវឌ្ឍ និងសន្តិភាព ដូចសព្វថ្ងៃ ។
ប៉ុន្តែក្រុមអ្នកប្រឆាំង បានយក កិច្ចព្រមព្រៀង ២៣ តុលា ១៩៩១ មករិះគន់និងចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងអត្ថន័យផ្សេងដោយយក បទល្មើសដែលប្រព្រឹត្តផ្ទុយច្បាប់ មកព្ជាប់ថា មិនទាន់ត្រូវបានអនុវត្តឱ្យបានល្អនៅឡើយ បញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា។
ដោយលែក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនិងបានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកថា៖
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួប ២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។ ២៩ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ៕