ក្តៅៗ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចេញលិខិតសួរនាំ អភិបាលក្រុងប៉ោយប៉ែត ប្រធានតុលាការ និងព្រះរាជអាជ្ញាសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បី…….

Spread the love

ខេត្ត​បន្ទាយមានជ័យ៖ រឿងរ៉ាវទំនាស់ដីធ្លីរ៉ាំរ៉ៃ នៅអូរស្វារអិល សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលក្រុមលោក លី វ៉ាន់ហុង និងលោក ទុយ វ៉ាន់នី មន្ត្រីជំនិតលោក ខៀវ កញ្ញឬទ្ធិ នៅក្រសួងព័ត៌មាន អាងលុយ អាងអំណាច ទិញតុលាការ ទិញរដ្ឋបាលខេត្ត ទៅលួចធ្វើប្លង់បំពានយកដីពលរដ្ឋ រួចបិទមាត់អ្នកកាសែតមិនឲ្យផ្សាយនោះ ពេលនេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតសាកសួរឲ្យអភិបាលក្រុងប៉ោយប៉ែត ពន្យល់បង្ហាញដីរបស់ពលរដ្ឋឲ្យបានពិតប្រាកដ បន្ទាប់ពីតំណាងពលរដ្ឋ ១០ គ្រួសារ ក្នុងចំណោម ៥១ គ្រួសារ បានដាក់ពាក្យប្តឹងទៅ អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យជួយរកយុត្តិធម៌ ។

នៅថ្ងៃទី ១ កញ្ញា ២០២០ នេះឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យឹនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតឲ្យអភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល បំភ្លឺបង្ហាញទីតាំងដី និងភូមិដែលមានទំនាស់ដី ។ ជាមួយគ្នានោះដែរ អង្គភាពប្រឆាំងអំពើពុករលួយក៏បានចេញលិខិតដោយឡែក ២ ផ្សេងទៀតជួនទៅលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអជ្ញា និងលោក ងួន ណារា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។

ចំណែកក្រុមលោក លី វ៉ាន់ហុង និងលោក ទុយ វ៉ាន់នី ដែលនាំប្រពន្ធកូនគ្រួសារពីភ្នំពេញចំនួន ១៤ គ្រួសារទៅបំពានរំលោភយកដីពលរដ្ឋ រួចប្រើលុយ ប្រើខ្សែ អាងអំណាច ទិញតុលាការ ទិញរដ្ឋបាលខេត្ត និងក្រុង ឲ្យបញ្ជាប្រើកម្លាំងប៉េអឹម និងនគបាលខេត្ត ទៅគំរាមសំឡុតបំភ័យពលរដ្ឋ ចាប់ពលរដ្ឋដាក់គុក និងចេញដីការបំបាក់ស្មារតីពលរដ្ឋ ដើម្បីសម្រេច មហិច្ឆតាទុច្ចរឹត របស់ខ្លួននោះ ពេលនេះតាមប្រភពព័ត៌មានពីក្រសួងព័ត៌មានបានឲ្យដឹងថា លី វ៉ាន់ហុង និង ទុយ វ៉ាន់នី កំពុងស្វែងរកមធ្យោបាយចាយលុយទិញទឹកចិត្តមេធាវី ដែលការពារក្តីឲ្យពលរដ្ឋ និងជំរុញឲ្យតុលាការដែលខ្លួនធ្លាប់ប្រើបាននោះ ចាប់តំណាងពលរដ្ឋមួយចំនួនដាក់គុកថែមទៀត ។ ក្រៅពីក្រុមកាសែតអនឡាញចំនួន ២ ក្រុម គឺក្រុមសារព័ត៌មានអនឡាញរបស់ ព្រំ សាន និងក្រុមសាព័ត៌មានអនឡាញ MSJ ចាំជួយផ្សាយបិទបាំងអំពើទុច្ចតឹតរបស់ខ្លួន ចោទប្រកាន់លាបពណ៌ពលរដ្ឋថា ជាពលរដ្ឋអាណាធិបតេយ្យ និងថា ជាក្រុមពលរដ្ឋអប្បគមន៍នោះ សារព័ត៌មានផ្សេងទៀត ត្រូវបានទិញបិទមាត់ចោល ឬំរាមដកអាជ្ញាប័ណ្ណ បើហ៊ានផ្សាយរឿងនេះ ។

គួរបញ្ជាក់ថា កន្លងមកករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ ធ្លាប់មាន ស.ជ.ណ ពីសម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យវាស់ដីចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ និងលិខិតរំលឹក ក៏ដូចជាលិខិតអន្តរាគមន៍ជាច្រើនជួយពលរដ្ឋ តែត្រូវរដ្ឋបាលខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែតសម័យលោក ង៉ោ ម៉េងជ្រួន ឃុបឃិតគ្នាជាមួយក្រុមលោក លី វ៉ាន់ហុង និងលោក ទុយ វ៉ាន់នី បិទចោលលិខិតឯកសារទាំងអស់ពីថ្នាក់ដឹកនាំ រួចបន្តឃុបឃិតជាប្រព័ន្ធជាមួយសុរិយោដីខេត្តសម័យលោក លី សារី ជាប្រធាន លួចចេញប័ណ្ណកម្មសិទ្ធិឲ្យឲ្យក្រុម លី វ៉ាន់ហុង និង ទុយ វ៉ាន់នី ទាំងបំពានដោយមិនចាំបាច់បញ្ជាក់ថាដីនោះបានមកដោយវិធីណា ?

ពេលនេះរឿងរ៉ាវការពិត និងរឿងរ៉ាវឈឺចាប់របស់ពលរដ្ឋ ដែលរងនូវគំនាប សំឡុតគំរាម បំពានសិទ្ធិ និងមើលងាយរើសអើង ចោទប្រកាន់លាបពណ៌ គ្រប់យ៉ាងពីសំណាក់ក្រុមលោក លី វ៉ាន់ហុង និងលោក ទុយវ៉ាន់នី នេះបានដល់ដៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាសានាធិការកំចាត់មន្ត្រីខូចពុករលួយក្នុងជួររដ្ឋាភិបាលហើយ ។ ពលរដ្ឋនិងជនរងគ្រោះទាំងអស់ សង្ឃឹមនិងជឿជាក់ថា ប្រាកដជាទទួលបានយុត្តិធម៌ ហើយទទួលបានដីស្រែចម្ការដែលពួកគាត់ខំកាប់ឆ្កាអាស្រ័យផលតាំងពីឆ្នាំ ១៩៩៧ នោះមកវិញ រួចហើយនាំយកមន្ត្រីខូចពុករលួយ និងបក្ខពួកទៅកាត់ទោសតាមច្បាប់ ៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *