ករណីទំនាស់ដីធ្លីរ៉ាំរ៉ៃ ជាង ២០ ឆ្នាំ រវាងពលរដ្ឋ ៥១ គ្រួសារ ជាមួយ ទុយ វ៉ាន់នី និង លី វ៉ាងហុង មន្ត្រីជំនិតលោក ខៀវ កញ្ញឬទ្ធិ គ្មានសារព័ត៌មានណាហ៊ានផ្សាយ…

Spread the love

បន្ទាយមានជ័យ៖ ករណីទនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយជាង ២០ ឆ្នាំនៅ ចំណុចអូស្វារអិល បច្ចុប្បន្នក្នុងសង្កាត់និម្មិត ក្រុងប៉ោយប៉ែត ជិតតំបន់សេដ្ឋកិច្ចពិសេសអូដូននាង ខេត្តបន្ន្ទាយមានជ័យដែលបិទបាំងការពិតមិនឲ្យសម្តេចនាយករដ្ឋមន្ត្រីដឹងនោះ បានអូសបន្លាយតាំងពីជំនាន់ឳម៉ែ អ្នកកាច់កាប់ឆ្កាកាន់កាប់ដីអស្រ័យផល រហូតដល់ជំនាន់កូនៗ ធំមានគ្រួសារ មានកូនបន្តទៀតហើយៗ ចៅហ្វាយខេត្តដូររាប់ឈ្មោះភ្លេចដែរហើយ នៅតែមិនអាចរកយុត្តិធម៌ជូនពលរដ្ឋបាន ។

បញ្ហាចម្លែកនោះគឺនៅត្រង់ថា រឿងរ៉ាវទំនាស់ដ៏ក្តៅគគុករវាងក្រុមពលរដ្ឋ ៥១ គ្រួសារ ជាមួយនឹងឈ្មោះ ទុយ វ៉ាន់នី និង លី វ៉ាងហុង ដែលជាមន្ត្រីជំនិតរបស់លោក ខៀវ កញ្ញឬទ្ធិ មៅក្រសួងព័ត៌មាននេះ គ្មានសារព័ត៌មានណាហ៊ានផ្សាយ ឬហ៊ានស្វែងរកការពិតដើម្បីផ្សាយឲ្យសាធារណៈជនបានដឹង ពិសេសសម្តេចនាយករដ្ឋមន្ត្រីប្រមុខដឹកនាំរដ្ឋាភិបាល ដើម្បីការពារប្រយោជន៍ច្បាប់និងប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋអ្នកកាប់ឆ្កាកាន់កាប់អស្រ័យផលនៅលើដីតាំងពីឆ្នាំ ១៩៩៧ មកនោះឡើយ ។



មានតែសារព័ត៌មានមួយក្រុមរបស់លោក ព្រំ សាន ដែលគេស្គាល់ថាជាមន្ត្រីនៅក្រសួងព័ត៌មានដែរនោះ ចេញមុខផ្សាយការពារប្រយោជន៍ឲ្យក្រុម ទុយ វ៉ាន់នី និង លី វ៉ាងហុង ដែលជាមន្ត្រីក្នុងក្រសួងជាមួយគ្នា រួចលាបពណ៌ក្រុមពលរដ្ឋថា ជាពលរដ្ឋអាណាធិបតេយ្យ ទៅវិញ ។ ត្រង់ប្រវត្តិកាន់កាប់ឆ្កាព្រៃ ទទួលដីអាស្រ័យផល ដែលពលរដ្ឋទទួលបានពីកងពលលេខ ១២ និងកិច្ចអន្តរាគមន៍ពីថ្នាក់លើឲ្យប្រគល់ដីជូនពលរដ្ឋ តែខេត្តមិនអនុវត្តន៍តាម ហើយក្រុម ទុយ វ៉ាន់នី និង លី វ៉ាន់ហុង ប្រើលុយប្រអំណាចតាមរយៈការប្រើប្រព័ន្ធតុលាការប្តឹងចាប់ពលរដ្ឋផ្តេសផ្តាស់ដាក់គុក គំរាមបំភិតបំភ័យពលរដ្ឋតាមគ្រប់រូបភាពនោះ ក្រុមព័ត៌មានលោក ព្រំ សាន នេះមិនដែលផ្សាយឡើយ ។



ពោលគឺក្រុម អនឡាញ ព្រំ សាន ដែលចេញពីក្រសួងព័ត៌មានដូចគ្នានេះ សរសេរផ្សាយមួយលើកណា ក៏លាបពណ៌ប្រជាពលរដ្ឋថា ជាក្រុមពលរដ្ឋអាណាធិបតេយ្យ ទៅចាប់ដីកម្មសិទ្ធិស្របច្បាប់មានប័ណ្ណរឹងរបស់លោក ទុយ វ៉ាន់នីដែរ ។ មិនតែប៉ុណ្ណោះ បើមានក្រុមសារព័ត៌មានផ្សាយពីប្រវត្តិដី និងជំលោះដីនេះភ្លាម គឺលោក ព្រំ សាន ចេញមុខទូរសព្ទទៅនិយាយរៀបរាប់បញ្ចុះបញ្ចូលអ្នកសារព័ត៌មានថា ពលរដ្ឋជាអ្នកខុសភ្លាម ដើម្បីជួយការពារប្រយោជន៍ឲ្យក្រុមលោក ទុយ វ៉ាន់នី និង លី វ៉ាន់ហុង ដោយចរចាហាមឃាត់សារព័ត៌មាននោះកុំឲ្យបន្តផ្សាយតទៀត និងលុបអត្ថបទចេញ ។ ទង្វើរបស់លោក ព្រំ សាន នេះគឺកំពុងយកកាតអ្នកសារព័ត៌មានទៅបម្រើជនទុច្ចរឹតដែលលួចដីរដ្ឋ និងដីពលរដ្ឋ ហើយក៏ផ្គើនទៅនឹងអនុសាសន៍ណែននាំរបស់ សម្តេចនាយករដ្ឋមន្ត្រី ដែលតែងតែផ្តល់អនុសាសន៍ដាសតឿនអ្នកសារព័ត៌មានដែរ ។ មិនតែប៉ុណ្ណោះ ទង្វើនេះក៏ប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មានអាជីព ដែលមានសីលធម៌វិជ្ជាជីវៈផងដែរ ។



បើនិយាយពីអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរ ក្រុងប៉ោប៉ោយប៉ែត ដែលបច្ចុប្បន្នជាអាជ្ញាធរអាណាព្យាបាលពលរដ្ឋក្នុងខេត្តវិញ បែជាខិតខំខ្ទប់អឹបបិទចោលនូវលិខិតណែនាំ និងលិខិតបញ្ជាពីថ្នាក់ដឹកនាំខាងលើ ដែលបញ្ជា និងធ្លាប់បានរំលឹកច្រើនដងឲ្យធកវើការវាសវែងប្រគល់ដីឲ្យពលរដ្ឋ ហើយបែទៅឃុបឃិតជាប្រពន្ធ ប្រើអំណាចតុលាការ ប្តឹងចាប់ចងពលរដ្ឋ និងគំរាមពលរដ្ឋ ឲ្យពលរដ្ឋខ្លាចរត់ចោលស្រុកចោលភូមិ ដើម្បីបានឱកាសឲ្យក្រុម ទុយ វ៉ាន់នី និង លី វ៉ាន់ហុង លួចធ្វើប័ណ្ណកម្មសិទ្ធិលើដីអស្រ័យរបស់ពលរដ្ឋទៅវិញ ។

ទាំងព្រះរាជអាជ្ញារង តុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ទាំងអតីតៈចៅហ្វាយប៉ោយប៉ែត ង៉ោ ម៉េងជ្រួន (បច្ចុប្បន្នជាអភិបាលរងខេត្ត) ទាំងអតីតៈប្រធានសុរិយោដីខេត្ត លី សារី (បច្ចុប្បន្នជាអភិបាលរងខេត្ត) និងទាំងចៅហ្វាយខេត្តគ្រប់ជំនាន់ មិនដែលឈរលើគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំរដ្ឋាភិបាល បានបង្កើតរឿងឈឺចាប់ទំនាស់ដីធ្លីជាច្រើននៅក្នុងខេត្តបន្ទាយមានជ័យ ធ្វើឲ្យពលរដ្ឋរងគ្រោះ រួចក្រុមខ្លួនប្រមូលលួចធ្វើប័ណ្ណកម្មសិទ្ធិរំលោភដណ្តើមយកកាន់កាប់យកដីរដ្ឋ និងដីពលរដ្ឋ ។

តាមប្រភពឲ្យដឹងថា ទុយ វ៉ាន់នី និង លី វ៉ាន់ហុង បានចាយលុយជាង ១ លានដុល្លារ តាំងពីឆ្នាំ ២០០៧ មកដើម្បីយកទៅបិទមាត់ពួកអ្នកកសសែត (អ្នករាយការណ៍ប្រចាំខេត្ត) ដែលរស់ដោយសារយកកាតអ្នកកាសែតធ្វើមុខរបរ និងបន្តចាយលុយជាច្រើនទៀតឲ្យអតីតៈចៅហ្វាយក្រុងប៉ោយប៉ែត ង៉ោ ម៉េងជ្រួន អតីតៈប្រធានមន្ទីសុរិយោដីខេត្ត លី សារី និងមន្ត្រីរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីតុលាការ ដើម្បីបិទរឿងលួចប្លន់រំលោភយកដីពលរដ្ឋ និងធ្វើឯកសារកាន់កាប់យកដីពលរដ្ឋ ។ គួរំលឹកថា លោក ង៉ោ ម៉េងជ្រួន ក្នុងកិច្ចប្រជុំដោះស្រាយទំនាស់ដែលរដ្ឋបាលខេត្តកោះហៅពលរដ្ឋចូលទៅជួបចរចាជាមួយក្រុម ទុយ វ៉ាន់នី នោះ គឺអភិបាលរងខេត្ត និងជាអតីតៈចៅហ្វាយក្រុងប៉ោយប៉ែតរូបនេះ ប្រើអំណាចជាន់គំរាមសំឡុតពលរដ្ឋរហូត មិនឲ្យខាងក្រុមពលរដ្ឋនិយាយទេ ។ ង៉ោ ម៉េងជ្រួន បានគំរាមពលរដ្ឋថា៖ កុំសង្ឃឹមថាបានឈ្នះក្តីនៅតុលាការឲ្យសោះ រឿងដីនេះ (?) ហើយបន្តសំឡុតថា៖ ខ្លួននឹងឲ្យតុលាការចេញដីកាចាប់ខ្លួនពលរដ្ឋ ៣០ នាក់ទៀត ។

សូមបញ្ជាក់ថា តាំងពីដើមឆ្នាំ ២០២០ មក រដ្ឋបាលខេត្តបន្ទាយមានជ័យ បានហៅតំណាងពលរដ្ឋ ឲ្យចូលទៅប្រជុំនៅសាលប្រជុំក្រុងប៉ោយប៉ែត ៣ លើកមកហើយ ដើម្បីសំឡុតគំរាមណលរដ្ខឲ្យព្រមទទួលយកដីឡូត៍ ៨ម x ២០ម រួចបោះបង់ចោលដី មួយគ្រួសារ ២ ហិចតា ទៅ ៥ ហិចតានោះចោល តាមការចង់បានរបស់លោក ទុយ វ៉ាន់នី ។ ហើយគ្រប់លើករាល់ការប្រជុំនេះ មិនដែលប្រកាសឲ្យសារព័ត៌មានធំៗ ឯករាជ្យបានចូលស្តាប់ ឬសំភាសន៍ពលរដ្ឋផ្សាយទេ ។ សារព័ត៌មានដែលផ្សាយមានតែក្រុមលោក ព្រំ សាន និង MSJ ដែលផ្សាយការពារអំពើទុច្ចរឹតរបស់ក្រុមលោក ទុយ វ៉ាន់នី និង លី វ៉ាន់ហុង តែប៉ុណ្ណោះ ៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *